ព្រឹតិ្តការណ៍ថ្មីៗ

លក់ឧបករណ៍នេសាទខុសច្បាប់ (ដុំឆក់ត្រី) សេរី២០២០ បង្ហោះលើបណ្តាញសង្គម Facebook និង YouTube ត្រូវប៉ូលិស ឃាត់ខ្លួន

6 ខែ មុន 25 tnn_admin

ភ្នំពេញ៖ ក្រោយពីបានទទួលបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានប្រើប្រាស់បណ្ដាញសង្គម Facebook និង YouTube ដើម្បីផ្សព្វផ្សាយ ផលិតនិងលក់ឧបករណ៍នេសាទខុសច្បាប់ តាមសំណើស្នើសុំពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។

ជាលទ្ធផលនៃការស្រាវជ្រាវ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ ភេទប្រុសអាយុ ៣១ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរឹបអូសបានឧបករណ៍ឆក់ត្រីដែលបានកែច្នៃរួចចំនួន០២គ្រឿងជាប់នឹងខ្លួន។

បន្ទាប់មក កម្លាំងរបស់នាយកដ្ឋាន បានសហការណ៍ជាមួយ ស្នងការដ្ឋានខេត្តកណ្តាល និង សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមានការសម្របសម្រួលដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យនិងរកឃើញឧបករណ៍ឆក់ត្រីដែលកែច្នៃរួចចំនួន ៩ គ្រឿងទៀត។

គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះជនសង្ស័យបានបង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ឆក់ត្រីកែច្នៃ ដែលមានប្រសិទ្ធភាពខ្ពស់តាមរយៈបណ្ដាញសង្គម Facebook និង YouTube ដែលធ្វើឱ្យមានការរិះគន់ជាខ្លាំងនៅតាមបណ្ដាញសង្គម។ ដោយឃើញបែបនេះ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គរដ្ឋបាលជលផលបានស្នើសុំឱ្យមន្ត្រីជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ជួយស្រាវជ្រាវនឹងស្វែងរកជនសង្ស័យមកផ្តន្ទាទោស ព្រោះការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រីជាបទល្មើសព្រហ្មទណ្ឌដែលបានចែងនៅក្នុងច្បាប់ជលផល ម្យ៉ាងទៀតការប្រើប្រាស់ឧបករណ៍ឆក់ដើម្បីនេសាទត្រីមានលក្ខណៈបំផ្លាញធនធានមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ នៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២០ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្ដាលដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ