ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើក ទី ៤

5 ខែ មុន 58 tnn_admin

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបាន អញ្ជើញ​ជួបជុំសំណេះសំណាល ជាមួយបងប្អូនកូនក្មួយ ជាអ្នកសារព័ត៌មានជាតិ ក្នុងគោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបំរើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មានដែលបានចូលរួមសហការរៀបចំកម្មវិធីនេះទាំងពីលើកទី១ រហូតដល់លើកទី៤នេះ។ ទន្ទឹមនឹងនោះសម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានអបអរសាទរថ្ងៃខួប៣៥ឆ្នាំដែលសម្តេចតេជោឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីព្រឹត្តិការណ៍សំខាន់ៗដែលកើតចំខែមករានេះ ដែលក្នុងនោះរួមមាន ដូចជានៅឆ្នាំនេះគឺជាខួប៤១ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត , ខួប៤១ ដែលសម្តេចតេជោបានក្លាយជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី៨ មករា ១៩៧៩, ខួបលើក៣៥ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ , ខួប៣២ឆ្នាំនៃការចរចារលើកទី២រវាង សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ , ខួប នៃការការកំណត់ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះក្នុងខែមករា ឆ្នាំ១៩៩៦ ,ខួប៤៤ នៃការរៀបអាពាហ៍របស់សម្តេចតេជោនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ,ខួបទី២០ នៃការក្លាយជាជីរបស់គេ គឺនៅខែមករា ឆ្នាំ២០០០ ដែលសម្តេចតេជោទទួលបានចៅជាលើកដំបូង និងកូនៗរបស់សម្តេចទាំង៥គូរ សុទ្ធតែបានរៀបការក្នុងខែមករាទាំងអស់។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែសហការឧត្ថម្ភ ក្នុងកម្មវិធីនេះរៀងរាល់ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដើម្បីផលិត ព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវ សរសេរព័ត៌មានទាំងល្អ និងមិនល្អដើម្បីចូលរួមធ្វើការកែលម្អ ក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។

នៅថ្ងៃនេះ សម្តេចតេជោបានធ្វើការណែនាំដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានអោយបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត»។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗមួយចំនួនដូចជា៖

១) អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ ក្នុងនោះ សម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។

២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។

៣) ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានអោយបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។

៤) អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។

៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។

៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល(Digital system) ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានត្រូវចេញអោយបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើជាយូរឆ្នាំមកហើយនោះ។

៧)ត្រូវខិតខំការបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមទៀតក្នុងវិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌មានអោយបានលឿនរហ័ស និងអាចជឿទុកចិត្តបាន។

ទាក់ទងទៅនឹងការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយមានមេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ សម្តេចតេជោបានសម្រេចជួយការពារដោយមានលក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ មិនមែនការពារអ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈសារព័ត៌នោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានចាត់អោយលោក គី តិច ដែលជាមេធាវីរបស់សម្តេចផ្ទាល់ទទួលពិនិត្យលើរឿងនេះដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយ ជាអ្នកសារព័ត៌មានទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានសប្បាយរីករាយ ក្នុងការបរិភោគអាហារសាមគ្គីនាពេលរាត្រីយប់នេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ