ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ នឹងបន្តចាក់គ្រឹះរឹងមាំយូរអង្វែងបន្តទៀត

7 ខែ មុន 30 តូ សុផល

បាត់ដំបង៖  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរូបសំណាកហ្លួងព្រះស្តេចកនបញ្ចុះបឋមសិលាសាងសង់អគារ និងបិទវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០១៩របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ថ្ងៃទីសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ បានថ្លែងថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ នឹងបន្តចាក់គ្រឹះរឹងមាំយូរអង្វែងបន្តទៀត។ រាប់ចាប់តាំងពី១៩៥៣ មក ប្រវត្តិនៃកងយោធពលខេមរភូមិន្ទយើង មានការប្រែប្រួលច្រើន។ មូលដ្ឋានចម្បងនៃកងយោធពលខេមរភូមិន្ទយើងបច្ចុប្បន្ន កើតឡើងពីអ៊ំពូមីងយោធិនជំនាន់ឆ្នាំ ១៩៧៨ហើយក្រោយមកមានការចូលរួមផងដែរពីកងទ័ពខ្មែរគ្រប់ភាគីទាំងអស់។ ដូច្នេះ បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ។ ក្នុងន័យនេះ មានតែការហ្វឹកហ្វឺនដែលមានប្រសិទ្ធិភាព និងត្រឹមត្រូវតែមួយគត់ ដែលអាចធានានូវនិរន្តភាពនៃសមត្ថភាពនៅក្នុងការប្រយុទ្ធ ក្នុងនោះគុណភាពនៃការហ្វឹកហ្វឺន និងការហ្វឹកហ្វឺនឱ្យចំជំនាញត្រឹមត្រូវ គឺជាអាទិភាពធំបំផុតដែលត្រូវផ្តោតការយកចិត្តទុកដាក់ ហើយចៀសវាងដាច់ខាតការធានាតែបរិមាណ តាមរយៈផែនការហ្វឹកហ្វឺនដែលគ្រាន់តែជារូបភាព ប៉ុន្តែខ្វះការពិនិត្យលើស្ថានភាពជាក់ស្តែងនៃគុណភាព ការងារទាំងអស់នេះ ត្រូវការការចូលរួមពីអ៊ំពូមីយោធិនជំនាន់ទី១ ដើម្បីបណ្តុះបណ្តាលនាយទាហានជំនាន់ក្រោយៗ ឱ្យកាន់តែខ្លាំង ដើម្បីការពារជាតិ ហើយវាក៏ជាកិច្ចការ និងភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីឱ្យកងទ័ពជាតិមួយកាន់តែរឹងមាំ និងមានការបន្សល់ទុកនូវប្រព័ន្ធការងារមួយ ជាកេរតំណែលរបស់នាយទាហានជំនាន់មុន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា តទៅមុខ ចក្ខុវិស័យរយៈពេលវែងរបស់កងទ័ពជើងគោកគឺការកសាងមូលដ្ឋាននៃការបណ្តុះបណ្តាល ជាពិសេសនៅក្នុងទ័ពជំនាញ តាមរយៈការកសាងសាលាបណ្តុះបណ្តាលទ័ពជំនាញ ដែលតម្រូវឱ្យមានការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសមស្រប, យោធាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍, និងឯកសារមេរៀនដែលមានគុណភាព ដើម្បីធានានូវប្រសិទ្ធិភាព, ឯកភាព និងស្តង់ដារនៃកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះកងទ័ពជើងគោក ក្នុងពេលចំពោះមុខនេះ ទោះយើងមិនទាន់មានថវិកាក្នុងការបំពាក់ ឬធ្វើទំនើបកម្ម ទ័ពជំនាញរបស់យើងប៉ុន្តែកងទ័ពជើងគោកកំពុងពិនិត្យលទ្ធភាព និងរៀបចំផែនការដើម្បីពង្រឹងនិរន្តភាពក្នុងការធានាចំនួនទ័ពជំនាញតាមរយៈការបន្តហ្វឹកហ្វឺន ដោយដើរទន្ទឹមនឹងការជំរុញការថែទាំបច្ចេកទេសលើសម្ភារបច្ចេកទេសដែលយើងមានស្រាប់ ហើយទៅថ្ងៃមុខ យើងនឹងមានទំនើបកម្មជាជំហានៗដោយហេតុថា នៅក្នុងការកំណត់ជោគជ័យនៃប្រតិបត្តិការសឹក អ្វីដែលសំខាន់បំផុត គឺការហ្វឺកហ្វឺនកម្លាំង, ការថែទាំបច្ចេកទេសមូលដ្ឋានសម្ភារៈ និងការបំពាក់នូវឆន្ទៈមោះមុត។

បច្ចុប្បន្ន ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំកងទ័ពជើងគោកបាននិងកំពុងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនទ័ពជំនាញ ដែលជាអាទិភាពចាំបាច់បំផុត ដើម្បីពង្រឹងនិរន្តរភាពសមត្ថភាពក្នុងការឆ្លើយតបក្នុងពេលចំពោះមុខ និងរយៈពេលវែង។ ការហ្វឹកហ្វឺនទ័ពជំនាញខុសពីការហ្វឹកហ្វឺនទ័ពថ្មើរជើង ដោយសារការហ្វឹកហ្វឺនទ័ពជំនាញត្រូវប្រើប្រាស់រយៈពេលវែង និងជំនាញបច្ចេកទេសខ្ពស់។ ជាផ្នែកមួយនៃការកែទម្រង់កងទ័ពរយៈពេលវែងរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការកំណត់យកចក្ខុវិស័យធ្វើយ៉ាងឱ្យកងយោធពលខេមរភូមិន្ទ ឈានទៅម្ចាស់ការលើការបណ្តុះបណ្តាល និងការផលិតសម្ភារបច្ចេកទេសធុនស្រាល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  សូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនជំនាញរថក្រោះរថពាសដែក ប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក សម្រេចទទួលបានលទ្ធផលល្អប្រសើរ ទាំងការរៀនសូត្រផ្នែកទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តនៅលើទីលាន ដោយពិតជាបានឆ្លើយតបទៅនឹងគោលបំណងក្នុងការលើកកម្ពស់សមត្ថភាពដល់យោធិនឱ្យយល់ច្បាស់អំពីតួនាទី និងភារកិច្ចក្នុងការបញ្ជា, គ្រប់គ្រង និងប្រើប្រាស់រថក្រោះ រថពាសដែក ឱ្យបានត្រឹមត្រូវតាមលក្ខការណ៍ក្នុងការប្រយុទ្ធ ក៏ដូចជាការងារបច្ចេកទេសថែទាំជួសជុលរថក្រោះរថពាសដែកឱ្យបានល្អ។

  

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត   សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសប្បុរសជនជាច្រើន ចំពោះការលះបង់ជួយដល់កងទ័ព ដោយកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារដល់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ក្នុងនាមជាស្ថាប័នចងសម្ព័ន្ធមេត្រីភាព រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិប្រជាជនដើម្បីការពារជាតិ ការពារជាតិដើម្បីប្រជាជន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ