ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ថវិកា ចំណាយទិញរថយន្ត២៩០គ្រឿង មិនមែនជាថវិកា ជំនួយរបស់ចិននោះទេ!

2 ខែ មុន 45 tnn_admin

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រគល់-ទទួលរថយន្តអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ បានថ្លែងថា កងទ័ព នគរបាល កងរាជអាវុអាវុធហត្ថ ដឹងច្បាស់ណាស់អំពីកាលៈទេសៈនៃពេលចាំបាច់ដើម្បីចំណាយថវិកា ជាពិសេសលើការសម្រេចបំពាក់សម្ភារបច្ចេកទេស ប៉ុន្តែការណ៍ដែលរថយន្តមកដល់ក្នុងដំណាក់កាលកូវីដនេះ ដោយសារមួយផ្នែក យើងបានធ្វើការជាមួយសប្បុរសជនដោយបានបញ្ជាទិញតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មុនពេលមានការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ហើយក៏បានកក់លុយ និងបង់ប្រាក់រួចរាល់ហើយផងដែរ ទើបក្រុមហ៊ុនបានចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិត។ បើតាមគម្រោង រថយន្តទាំងនេះត្រូវប្រគល់តាំងតែពីដើមឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែស្របពេលមានការផ្ទុះកូវីដ-១៩ នៅប្រទេសចិន ទើបធ្វើឱ្យរោងចក្រពន្យាពេលដឹកជញ្ជូនរហូតមកដល់ពេលនេះ។ មានន័យថា ពេលបញ្ជាទិញ និងពេលបង់ប្រាក់នោះ បញ្ហាកូវីដក៏មិនទាន់កើត ហើយមូលនិធិថវិកាប្រឆាំងកូវីដ-១៩ ក៏មិនទាន់កើតដែរ។ ប្រសិនបើពេលនោះមានបញ្ហាជំងឺកូវីដ-១៩ យើងក៏មិនបញ្ជាទិញដែរ ព្រោះតម្រូវការប្រឆាំងកូវីដខ្ពស់ជាងតម្រូវការរថយន្ត។ យ៉ាងណាក៏ដោយ យើងក៏មិនអាចរង់ចាំដល់កូវីដចប់ ទើបទទួលយករថយន្តមកដែរ ព្រោះបើបញ្ហាកូវីដ-១៩ អាចផ្ទុះខ្លាំង យើងនឹងមានតម្រូវការរថយន្តដើម្បីដឹកជញ្ជូន ហើយយើងត្រូវត្រៀមលក្ខណៈ។ ការទិញរថយន្តទាំងនេះ ក៏មិនបានប្រើប្រាស់មូលនិធិប្រឆាំងកូវីដ-១៩ ដែរ គឺបានមកពីមូលនិធិ ឬថវិកាសប្បុរសជនដែលមានប្រភពពីសប្បុរសជនក្នុងស្រុក។ កន្លងមកធ្លាប់មានការប្រើពាក្យថា មូលនិធិក្នុងស្រុក ដែលធ្វើឱ្យមានការភ័ន្តច្រលំថា ជាមូលនិធិប្រឆាំងកូវីដ-១៩។ ពាក្យថាមូលនិធិនេះ មិនមែនសំដៅដល់មូលនិធិប្រឆាំងកូវីដ-១៩ ទេ។ ពាក្យខ្មែរ មូលនិធិអាចមានច្រើន មូលនិធិជនពិការ មូលនិធិការពារជាតិ ហើយអ្នកណាក៏មានសិទ្ធិបង្កើតមូលនិធិ ដូច្នេះមិនគួរបកស្រាយពាក្យមូលនិធិនេះ ដើម្បីបកពន្លាត់ឱ្យភ្ជាប់នឹងគោលដៅអវិជ្ជមានណាមួយឡើយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ការទិញរថយន្តទាំងនេះ មិនបានប្រើប្រាស់ថវិការដ្ឋសោះឡើយ គឺកើតពីការគៀរគរក្រុមហ៊ុន និងសប្បុរសជនក្នុងស្រុក។ ការណ៍ដែលសម្តេចតេជោអំពាវនាវឱ្យសប្បុរសជនជួយកងទ័ព កងនគរបាលជាតិ គឺមិនមែនជារឿងថ្មីនោះទេ សម្តេចបានធ្វើរាប់សិបឆ្នាំមកហើយ ដោយបង្កើតដល់រហូតដល់យន្តការសម្ព័ន្ធមេត្រីភាព។ កន្លងមកសម្ព័ន្ធមេត្រីភាពជាមួយសប្បុរសជន ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ ត្រូវបានអនុវត្តចាប់ជាប្រចាំ ដែលក្នុងមួយឆ្នាំៗ បានជួយដល់តាមអង្គភាពដោយប្រើប្រាស់ថវិកាជាច្រើន ដើម្បីជួយកាត់បន្ថយបន្ទុករបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកតម្កើងការការពារជាតិ ព្រោះកងទ័ព កងនគរបាល និងកងរាជអាវុធហត្ថជួយធានាការពារសន្តិសុខ សុវត្ថិភាព និងជីវភាពល្អប្រសើរឱ្យប្រជាពលរដ្ឋ ទើបគេមានទឹកចិត្តចែករំលែកចង់ជួយប្រទេសជាតិ។ ការជួយឧត្ថម្ភនេះមានពីររូបភាព គឺមួយផ្នែកតាមរយៈការជូនថវិកាទៅសម្តេចដើម្បីចាត់ចែងទិញសម្ភារៈ និងសាងសង់អគារ រួមជាមួយថវិកាផ្ទាល់របស់ម្តេច និងមួយផ្នែកទៀត គឺសប្បុរសជនជួយត្រង់ទៅអង្គភាព ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អង្គភាព និងលទ្ធភាពជាក់ស្តែងរបស់អ្នកជួយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ការទិញរថយន្តទាំងនេះ មិនបានប្រើប្រាស់ថវិការដ្ឋសោះឡើយ គឺកើតពីការគៀរគរក្រុមហ៊ុន និងសប្បុរសជនក្នុងស្រុក។ ការណ៍ដែលសម្តេចតេជោអំពាវនាវឱ្យសប្បុរសជនជួយកងទ័ព កងនគរបាលជាតិ គឺមិនមែនជារឿងថ្មីនោះទេ សម្តេចបានធ្វើរាប់សិបឆ្នាំមកហើយ ដោយបង្កើតដល់រហូតដល់យន្តការសម្ព័ន្ធមេត្រីភាព។ កន្លងមកសម្ព័ន្ធមេត្រីភាពជាមួយសប្បុរសជន ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ ត្រូវបានអនុវត្តចាប់ជាប្រចាំ ដែលក្នុងមួយឆ្នាំៗ បានជួយដល់តាមអង្គភាពដោយប្រើប្រាស់ថវិកាជាច្រើន ដើម្បីជួយកាត់បន្ថយបន្ទុករបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកតម្កើងការការពារជាតិ ព្រោះកងទ័ព កងនគរបាល និងកងរាជអាវុធហត្ថជួយធានាការពារសន្តិសុខ សុវត្ថិភាព និងជីវភាពល្អប្រសើរឱ្យប្រជាពលរដ្ឋ ទើបគេមានទឹកចិត្តចែករំលែកចង់ជួយប្រទេសជាតិ។ ការជួយឧត្ថម្ភនេះមានពីររូបភាព គឺមួយផ្នែកតាមរយៈការជូនថវិកាទៅសម្តេចដើម្បីចាត់ចែងទិញសម្ភារៈ និងសាងសង់អគារ រួមជាមួយថវិកាផ្ទាល់របស់ម្តេច និងមួយផ្នែកទៀត គឺសប្បុរសជនជួយត្រង់ទៅអង្គភាព ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អង្គភាព និងលទ្ធភាពជាក់ស្តែងរបស់អ្នកជួយ។ ថវិកាក្នុងការទិញរថយន្តទាំងនេះ មិនមែនជាថវិកាជំនួយរបស់ចិននោះទេ គឺជាថវិកាចូលរួមចែករំលែករបស់សប្បុរសជនខ្មែរយើង ដែលកៀរគរបានតាមការអំពាវនាវរបស់សម្តេចតេជោ។ ជាការពិត គឺមិនមានការចាំបាច់ក្នុងការភូតភរលាក់បាំងអ្វីនោះទេ ប្រសិនបើជាជំនួយរបស់ចិនមែន យើងនឹងប្រាប់ថាជំនួយរបស់ចិន។ មកដល់សព្វថ្ងៃនេះ ជំនួយរបស់ភាគីចិន គាត់បានជួយយ៉ាងច្រើនគ្រប់ជំនួយជាប្រចាំជាប់រហូត ដូចជាការជួយកូវីដ-១៩ និងការបញ្ជូនគ្រូពេទ្យមកជាដើម គឺតែងមានការផ្សព្វផ្សាយជាប់រហូត។ ផ្ទុយមកវិញ ចំពោះបញ្ហារថយន្តរហូតដល់ ២៩០ គ្រឿង គឺច្រើនណាស់មិនអាចលាក់បាំងបានទេ ប៉ុន្តែការពិត គឺមិនមែនជាជំនួយរបស់ចិនឡើយ ហើយក៏មិនមានការលាក់បាំងអំពីប្រភពនៃការផលិតដែរ គឺផលិតនៅប្រទេសចិន។ បើយើងភូតភរថាទិញពីប្រទេសចិន តើភាគីចិនជាម្ចាស់ជំនួយ គាត់យល់ព្រមដែរឬទេ ដែលបានខិតខំជួយ បែរជាមិនឱ្យតម្លៃលើជំនួយរបស់គាត់ទៅវិញ។ គ្រប់ប្រទេស និងអង្គការទាំងអស់ ជាម្ចាស់ជំនួយតែងត្រូវការបញ្ចេញឈ្មោះ។ ពេលណាមានអំណោយរបស់ប្រទេសចិនមក ឬពីប្រទេសណាក៏ដោយ ក្រសួងការពារជាតិនឹងជូនដំណឹង គឺគ្មានអ្វីត្រូវលាក់បាំងទេ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា អំណោយរថយន្តទាំង ២៩០ គ្រឿងនេះ គឺជាការចូលរួមចំណែករបស់សប្បុរសជននានា តាមរយៈការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជាការផ្តល់នូវការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងយើងក្នុងការបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន ហើយក៏ឆ្លុះបញ្ចាំងបានអំពីចំណងសាមគ្គី និងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធ រវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន។ ព្រឹត្តិការណ៍នេះ ជាលើកទី១ ដោយមិនធ្លាប់មានពីមុនមក ដែលមានការកៀរគរធនធានរបស់សប្បុរសជនខ្មែរ ក្រុមហ៊ុនខ្មែរ ពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទ្រង់ទ្រាយធំបែបនេះ ដើម្បីជួយដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។

ជាទូទៅ ឃើញមានការអបអរសាទរយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋរបស់យើង ចំពោះលទ្ធភាព និងឱកាសរបស់កងកម្លាំងយើង ដែលទទួលបានរថយន្តទំនើបប្រើប្រាស់ដើម្បីបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋានខ្លះមានគំនិតខ្មៅងងឹតចំពោះកងកម្លាំងប្រដាប់អាវុធយើង ដូច្នេះសូមមើលកងកម្លាំងជាតិយើង ទាំងកងទ័ព កងនគរបាលជាតិ និងកងរាជអាវុធហត្ថក្នុងផ្លូវល្អខ្លះផង រថយន្តទាំងអស់នេះ មិនមែនជាប្រភេទរថយន្តទេសចរណ៍ប្រណីតនោះទេ ប៉ុន្តែគឺជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកងម្លាំង ដែលសុទ្ធសឹងជាកូនចៅរបស់ប្រជាពលរដ្ឋខ្មែរយើង។ ប្រទេសផ្សេងៗ គេបំពាក់អាវុធទំនើប កប៉ាល់ហោះទំនើប ចំណាយលុយរាប់រយលាន យើងអាចសរសើរគេបាន ខណៈកងកម្លាំងខ្មែរយើងគ្រាន់តែមានរថយន្តជាមធ្យោបាយប្រើប្រាស់ដើម្បីបំពេញភារកិច្ច យើងបែរជាវាយប្រហាររិះគន់ ហើយពេលទ័ពខ្វះខាត ក៏នាំគ្នាថាគ្មានលទ្ធភាពបំពាក់ឱ្យកងទ័ពដូចប្រទេសគេ។ តាមពិត នេះគឺជាមោទនភាព និងការអបអរសាទរចំពោះក្រុមហ៊ុនខ្មែរ សប្បុរសជនខ្មែរ ដែលមានលទ្ធភាពនៅក្នុងការកៀរគរថវិកា ជួយកងទ័ព និងកងនគរបាលជាតិ។ សួរថា ពេលមានការឈ្លានពានទឹកដី, មានបញ្ហាអសន្តិសុខចោរលួចចោរប្លន់, ភ្លើងឆេះផ្ទះ, គ្រោះមហន្តរាយ, ទឹកជំនន់, បាក់អគារ, ពេលបុណ្យទាន ឬបញ្ហាកូវីដជាដើម ប្រសិនបើមានសភាពការណ៍ខ្លាំង គឺមានតែការបង្កើនមធ្យោបាយ បង្កើននូវសមត្ថភាព និងលទ្ធភាព ឱ្យដល់កងម្លាំងប្រដាប់អាវុធនេះហើយ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព តាមរយៈប្រសិទ្ធភាពនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនទាំងអស់គ្នា។

ដោយឡែកក្នុងដំណាក់កាលកូវីដ-១៩នេះ កងទ័ព នគរបាល និងកងរាជអាវុធហត្ថ បានចូលរួមផងដែរក្នុងការដោះស្រាយបញ្ហានេះ ដោយបានបំពេញភារកិច្ចរាល់ថ្ងៃជាប្រចាំ ជាពិសេសការទប់ស្កាត់នានាតាមព្រំដែន និងការត្រៀមកម្លាំងពេទ្យ ជាដើម។ ជាក់ស្តែង ក្នុងពេលចូលឆ្នាំខ្មែរកន្លងទៅនេះ កងទ័ពបានបញ្ជូនរថយន្តរាប់រយគ្រឿងទៅជួយដឹកប្រជាពលករខ្មែរមកពីប្រទេសថៃ។ ក្រៅពីនោះនាយទាហាន នាយទាហានរង ពលទាហាន នគរបាល កងរាជអាវុធហត្ថក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងមូលនិធិកូវីដ-១៩ តាមរយៈការចូលថវិកាផ្ទាល់ ឬចែករំលែកប្រាក់ខែមួយចំនួន ជាទឹកចិត្តតាមគ្រប់រូបភាព។ ទន្ទឹមនឹងនេះ កងទ័ពយើងក៏បានលុបចោលកម្មវិធីច្រើនណាស់ លុបសមយុទ្ធ ដូចជាលំហាត់ហនុមានមាសប្រចាំឆ្នាំ, លុបបន្ថយការហ្វឹកហ្វឺនមួយចំនួនដែលមិនចាំបាច់, កាត់បន្ថយការសាងសង់ដែលមិនចាំបាច់ ដើម្បីបង្វិលថវិកាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យកទុកដោះស្រាយបញ្ហាកូវីដ និងជួយដោះស្រាយសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋ។

ក្នុងឳកាសនោះ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់យ៉ាងច្បាស់ថា ចំពោះការវិភាគ ដែលលើកឡើងថា មិនទាន់មានតម្រូវការចាំបាច់ក្នុងការទិញរថយន្តទាំង ២៩០ គ្រឿងនេះ គឺមិនមែនជាការវិភាគដែលមានមូលដ្ឋាននោះទេ ព្រោះមានតែកងទ័ព និងកងនគរបាលជាតិប៉ុណ្ណោះ ដែលដឹងច្បាស់អំពីតម្រូវការ របស់ខ្លួន ដើម្បីធានាប្រសិទ្ធិភាពនៃការបំពេញភារកិច្ចរបស់ខ្លួន។ មេបញ្ជាការកងទ័ពជើងគោក និងអគ្គស្នងការនគរបាលជាតិ បានធ្វើការសម្របសម្រួលច្រើនជាមួយសប្បុរសជន ដើម្បីធ្វើយ៉ាងណាធានាដោះស្រាយនូវមធ្យោបាយដឹកជញ្ជូន ដើម្បីជួយដល់កងទ័ព និងកងនគរបាលជាតិ បម្រើការដល់ការងារប្រតិបត្តិការរបស់អង្គភាព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ឱ្យបានសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ