ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាប បទល្មើសសំណាក សត្វព្រៃជិតផុតពូជ នៅហាងចម្លាក់យីហោ «ជាង ចម្លាក់ព្រះម៉ែនាគ» 

1 ខែ មុន 231 tnn_admin

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបបទល្មើសសំណាកសត្វព្រៃជិតផុតពូជ នៅហាងចម្លាក់យីហោ «ជាង ចម្លាក់ព្រះម៉ែនាគ» ក្នុងខណ្ឌបឹងកេងកង។

ការចុះបង្ក្រាបនេះ ដោយមានលិខិតអនុញ្ញាតលេខ ១២៥ ប.យ.ន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ របស់លោកព្រះរាជអាជ្ញារង សេង ហៀង តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ លោក កាន់ វីវៈ ជាក្រឡាបញ្ជី អមអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ។

ការចុះបង្ក្រាបបទល្មើសសំណាកសត្វព្រៃជិតផុតពូជនេះ ដោយមានការដឹកនាំផ្ទាល់ ពីលោក ហេង គឹមឆាយ ប្រធានក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ។

ទីតាំងខាងលើនេះ យីហោឈ្មោះ «ជាង ចម្លាក់ព្រះម៉ែនាគ» ផ្ទះលេខ២៥០ ផ្លូវលេខ៣៧៦ ក្រុមទី១៣ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ព្រហ្ម រតនៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដែលបានចាប់យក៖ សំណាកភ្លុកដំរី ចំនួន៨ដុំ ស្មើនឹង០.៥៩០គីឡូក្រាម, សំណាកភ្លុកដំរីឆ្លាក់កែច្នៃ ចំនួន១៧ដុំ ស្មើនឹង០,១៧៦គីឡូក្រាម, ចែជ្រូកព្រៃ (ខ្នាយ) ស្រោបលោហៈ ចំនួន១២ដុំ, ចែជ្រូកព្រៃ ចំនួន១៦ដុំ, គល់ស្នែងប្រើសចំនួន១ដុំ។

បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានដកហូតបណ្ដោះអាសន្នរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងអញ្ជើញម្ចាស់ទីតាំងទៅសាកសួរបំភ្លឺ នៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ