ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការក្លាយខ្លួនជា យោធាចារ្យ គឺជាជំហានថ្មីមួយទៀត នៅក្នុងអាជីពយោធា និងជាភារកិច្ច ដ៏សំខាន់មួយដែលត្រូវបំពេញ!

39 វិនាទី មុន 0 tnn_admin

ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះថា ៖ ការក្លាយខ្លួនជាយោធាចារ្យ គឺជាជំហានថ្មីមួយទៀតនៅក្នុងអាជីពយោធា និងជាភារកិច្ចដ៏សំខាន់មួយដែលត្រូវបំពេញ ដោយហេតុថា ម្យ៉ាងគឺការចូលរួមរបស់យើងជួយទៅដល់កងទ័ព និងជាតិមាតុភូមិ តាមរយៈការខិតខំនៅក្នុងការបណ្តុះបណ្តាលធនធានសិស្សរបស់យើង។ ឯម្យ៉ាងទៀត គឺជាការផ្តល់ផលសម្រាប់ខ្លួនឯង ដោយត្រូវខិតខំយកឱកាសនេះដើម្បីបង្កើនសមត្ថភាពខ្លួនឯង, បង្កើតសា្នដៃ, បង្ហាញសមត្ថភាព និងជំរុញសក្តានុពលរបស់ខ្លួន ដើម្បីជាមូលដ្ឋាននៃការឈានទៅមុខ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា សិក្ខាកាមដែលបានបញ្ចប់វគ្គ នឹងក្លាយជាយោធាចារ្យ ឬបំពេញភារកិច្ចតាមជំនាញនៅតាមបណ្តាសាលា និងអង្គភាពនានាចំណុះកងទ័ពជើងគោក ដែលថ្ងៃក្រោយនឹងមានឱកាសបណ្តុះបណ្តាលបន្តដល់យោធិនរាប់រយរាប់ពាន់នាក់ផ្សេងទៀត។ ជាពិសេសអ្វីដែលសំខាន់ គឺវគ្គហ្វឹកហ្វឺននេះបានផ្តល់ដល់សិក្ខាកាមនូវសមត្ថភាពក្នុងការរៀបចំផែនការបណ្តុះបណ្តាល, ការដឹកនាំហ្វឹកហ្វឺន, ការដឹកនាំធ្វើសមយុទ្ធ, ចេះធ្វើមេរៀន, ចេះឡើងថ្នាក់ និងមានគរុកោសល្យច្បាស់លាស់ក្នុងការបង្រៀនទាំងនៅក្នុងថ្នាក់ និងនៅលើទីលាន។
វគ្គបណ្តុះបណ្តាលនេះ ពិតជាបានឆ្លើយតបទាំងបរិមាណ និងគុណភាពទៅនឹងតម្រូវការនៃការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានឱ្យក្លាយជាគ្រូលើមុខជំនាញនីមួយៗ ដែលជាធនធានកំពុងខ្វះខាត ដើម្បីបំពេញក្របខ័ណ្ឌដល់បណ្តាសាលាពលទាហានចំណុះយោធភូមិភាគ ស្របតាមផែនការទិសដៅការងារអាទិភាពរបស់កងទ័ពជើងគោកដែលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ។

នាឳកាសនោះ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក គូសបញ្ជាក់ថា យោធាចារ្យក្នុងនាមជាថ្នាក់ដឹកនាំ ជាឪពុក ជាអ្នកណែនាំ ជាអ្នកផ្តល់ដំបូន្មាន ពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ឱ្យដល់សិក្ខាកាម ប៉ុន្តែផលជោគជ័យ និងគុណភាពនៃការហ្វឹកហ្វឺន គឺអាស្រ័យលើឆន្ទៈ និងការយកចិត្តទុកដាក់របស់សិក្ខាកាមយើងផ្ទាល់។ ការវិនិយោគពេលវេលារយៈពេលបួនខែនៅក្នុងវគ្គហ្វឹកហ្វឺននេះ គឺដើម្បីបង្កើន និងរំលឹកសមត្ថភាពឡើងវិញ ពីព្រោះថាជាក់ស្តែង សមត្ថភាព និងចំណេះដឹងមូលដ្ឋានលើជំនាញយោធាទាំងនេះ សិក្ខាកាមយោធាចារ្យនៅក្នុងវគ្គនេះ សុទ្ធតែមានរួចមកហើយតាមរយៈការឆ្លងកាត់ការបណ្តុះបណ្តាលនៅក្នុងសាលានាយទាហាន កន្លងមក។

កិច្ចបញ្ចប់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ ថ្លែងអបអរសាទរចំពោះការបញ្ចប់វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ នេះ បានដោយជោគជ័យ ហើយដែលអាចចាត់ទុកថាជាវគ្គគំរូទីមួយសម្រាប់កងទ័ពជើងគោក ដោយសារវិធីសាស្ត្រ និងនីតិវិធីក្នុងការជ្រើសរើសសម្រិតសម្រាំងសិក្ខាកាមមានលក្ខណៈល្អិតល្អន់ច្បាស់លាស់។ នេះគឺជាជោគជ័យ ដែលកើតឡើងពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ថ្នាក់ដឹកនាំកងទ័ពជើងគោក, គណៈកម្មការពង្រឹងសមត្ថភាពកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ និងក្រុមការងារទាំងអស់។ ហើយអ្នកដែលទទួលផលពីជោគជ័យនេះ គឺកងទ័ពជើងគោក ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសសិក្ខាកាមផ្ទាល់តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ